Breaking

Friday 26 May 2017

ពិធីដាក់ដំណើរការជាផ្លូវការនៃប្រព័ន្ធស្នើសុំចុះបញ្ជីម៉ាកតាមអេឡិចត្រូនិក



នៅព្រឹកថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០១៧នេះ នាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម ដែលត្រូវបានជ្រើសតាំងជាលេខាធិការដ្ឋាននៃគណៈកម្មការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា បានដាក់ដំណើរការជាផ្លូវការនូវ “ប្រព័ន្ធស្នើសុំចុះបញ្ជីម៉ាកតាមអេឡិចត្រូនិក” ដើម្បីជួយសម្រួលវិស័យឯកជន និងសាធារណជន ក្នុងការស្នើសុំចុះបញ្ជី និងទទួលបានសេវាផ្សេងៗពាក់ព័ន្ធនឹងម៉ាកពាណិជ្ជកម្ម។
ពិធីសម្ពោធត្រូវបានរៀបចំឡើង ក្រោមអធិបតីភាពលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងមានការចូលរួមពីតំណាងអង្គការកម្មសិទិ្ធបញ្ញាពិភពលោក (WIPO) តំណាងការិយាល័យប្រកាសនីយបត្រតក្កកម្មជប៉ុន មន្ត្រីអន្តរក្រសួងដែលជាសមាជិក-សមាជិកា នៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងតំណាងវិស័យឯកជន និងសាធារណជនប្រមាណ ២០០នាក់។

 ​
នៅក្នុងឱកាសនោះ លោល ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់អំពីកិច្ចប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម និងការគាំទ្របច្ចេកទេសផ្សេងៗរបស់អង្គការ WIPO ព្រមទាំងដៃគូអភិវឌ្ឍន៍នានា ក្នុងការជំរុញ និងលើកកម្ពស់ការអនុវត្តកម្មសិទ្ធិបញ្ញានៅក្នុងប្រទេសកម្ពុជា ជាក់ស្តែងប្រព័ន្ធស្នើសុំចុះបញ្ជីម៉ាកតាមអេឡិចត្រូនិក ដែលដាក់ឲ្យប្រើប្រាស់ថ្ងៃនេះ គឺជានៃសមិទ្ធផលថ្មីមួយទៀតនៃកិច្ចសហការរវាងក្រសួងពាណិជ្ជកម្ម និងអង្គការ WIPO។


“ប្រព័ន្ធស្នើសុំចុះបញ្ជីម៉ាកតាមអេឡិចត្រូនិកនេះ គឺជាសក្ខីភាពដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រសួង ក្នុងការលើកកម្ពស់សេវាសាធារណៈ ពិសេសចូលរួមអនុវត្តន៍អភិបាលកិច្ចល្អ ដែលជាស្នូលនៃយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទីបីរបស់រាជរដ្ឋាភិបាលកម្ពុជា” លោករដ្ឋមន្ត្រីបានគូសបញ្ជាក់។
“ប្រព័ន្ធថ្មីនេះ នឹងផ្តល់ភាពងាយស្រួលជាងមុន ដោយវាអាចជួយកាត់បន្ថយពេលវេលា និងថវិកាចំណាយក្នុងការរស្វែងរកលទ្ធភាពចុះបញ្ជីម៉ាក និងការស្នើសុំសេវាផ្សេងៗពាក់ព័ន្ធនឹងម៉ាកតាមប្រព័ន្ធអេឡិចត្រូនិក ព្រមទាំងការគ្រប់គ្រងប្រព័ន្ធចុះបញ្ជីម៉ាក ប្រកបដោយប្រសិទ្ធភាព” លោករដ្ឋមន្ត្រីបានអះអាងបន្ថែម។


នៅលើពិភពលោក កម្មសិទ្ធិបញ្ញាត្រូវបានទទួលស្គាល់ថា គឺជាកំលាំងចលករដ៏សំខាន់ក្នុងការអភិវឌ្ឍកំណើនសេដ្ឋកិច្ចនៅក្នុងយុគសម័យសកលភាវូបនីយកម្ម និងព័ត៌មានវិទ្យា។ ដើម្បីជំរុញការអភិវឌ្ឍវិស័យកម្មសិទ្ធិបញ្ញា និងសេដ្ឋកិច្ចជាតិប្រកបដោយនិរន្តរភាព រាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួងពាណិជ្ជកម្ម ជាសេនាធិការបានប្រឹងប្រែងចូលជាសមាជិកនៃអង្គការ WIPO និងបានចុះព្រមព្រៀង ក៏ដូចជាសន្ធិសញ្ញាអន្តរជាតិសំខាន់ៗមួយចំនួន។


លើសពីនេះ ក្រសួងបានខិតខំតាក់តែងលិខិតបទដ្ឋានគតិយុត្តិ និងជំរុញឲ្យមានការអនុម័តច្បាប់ស្តីពីកម្មសិទ្ធិបញ្ញា និងច្បាប់ពាក់ព័ន្ធ ព្រមទាំងធ្វើទំនើបកម្មប្រព័ន្ធចុះបញ្ជី និងគ្រប់គ្រងម៉ាកពាណិជ្ជកម្ម ក្រោមការជួយជ្រោមជ្រែងពីដៃគូអង្គការអន្តរជាតិនានា សំដៅការពារអត្ថប្រយោជន៍វិស័យឯកជន និងសាធារណជនជាតិ ជាពិសេសពង្រឹងការអនុវត្តច្បាប់ និងទប់ស្កាត់ការរំលោភបំពានកម្មសិទិ្ធបញ្ញានៅក្នុងប្រទេស។
តាមរយៈប្រព័ន្ធស្នើសុំចុះបញ្ជីម៉ាកតាមអេឡិចត្រូនិក ដែលដាក់ឲ្យដំណើរការថ្ងៃនេះ សាធារណជនអាចដាក់ពាក្យស្នើសុំចុះបញ្ជីម៉ាក និងសេវាពាក់ព័ន្ធនឹងម៉ាកពាណិជ្ជកម្មនៅគ្រប់ទីកន្លែង ដោយគ្រាន់តែចូលទៅកាន់គេហទំព័រ www.efiling.cambodiaip.gov.kh របស់នាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម។

No comments:

Post a Comment

Adbox